EDI រៀបចំសិក្ខាសាលា ពីយុទ្ធសាស្រ្ត ទាក់ទាញ អភិវឌ្ឍ លើកទឹកចិត្ត និងថែរក្សាបុគ្គលិកឆ្នើម

Description: DSC_0406.JPG
លោក ប៉ិច បូឡែន ជាគ្រូឧទ្ទេសធ្វើបទបង្ហាញដោយផ្ទាល់
Description: DSC_0381.JPG
សិក្ខាកាមចូលរួមសិក្ខាសាលា

បុគ្គលិកគ្រប់គ្រង​លំដាប់ខ្ពស់​ជាង​៤០​នាក់ មកពីសាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ អង្គការដើម្បីភាពញញឹមនៃកុមារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ​ហត្ថាកសិករ ក្រុមហ៊ុនសោម៉ា គ្រុប ក្រុមហ៊ុន​Bonna Residence និងក្រុមហ៊ុន​SNBL (Cambodia) Ltd បានចូលរួមសិក្ខាសាលា​សិក្សាស្វែងយល់ពី​ប្រធានបទយុទ្ធសាស្រ្ត​ទាក់ទាញអភិវឌ្ឍលើកទឹកចិត្ត និងថែរក្សាបុគ្គលិកឆ្នើម​(Strategic Talent Management) ដែលរៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ នៅសណ្ឋាគារ​Le President ។ សិក្ខាសាលានេះ​ត្រូវបានរៀបចំ​ឡើងក្នុង​ រយៈពេល១ថ្ងៃពេញ ដោយមានបម្រើជូននូវអាហារសម្រ៉ន់​ពេលព្រឹក ពេលរសៀល និងអាហារ​ថ្ងៃត្រង់។
លោក ប៉ិច បូឡែន ប្រធាននាយក​ប្រតិបត្តិក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដែលគ្រប់គ្រងប្រតិបត្តិការសាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ និងវិទ្យាស្ថានអភិវឌ្ឍ​វិស័យ​អប់រំ បានអញ្ជើញ។ លោកបានលើកឡើងក្នុង​អង្គសិក្ខា​សាលាថា ប្រធានបទនេះ​មិនមែន​ជាប្រធានបទ​ថ្មីស្រឡាងនោះទេ។ ស្ថាប័នធំៗ​ជាច្រើន​ក្នុងប្រទេស​ដទៃ​បាន និង​កំពុងអនុវត្ត​យុទ្ធសាស្រ្ត​នេះ​រួច​ទៅ​ហើយ តែក្នុង​ប្រទេស​កម្ពុជា ស្ថាប័ន​ភាគច្រើន​មិនទាន់យល់ដឹង និង​អនុវត្ត​ឲ្យបាន​ទូលំទូលាយ​នៅឡើយ។ យុទ្ធសាស្រ្ត​Talent Management នេះគឺណែនាំ បង្ហាត់​បង្រៀន​ឲ្យស្ថាប័ន​នីមួយៗ​យកចិត្តទុកដាក់​ខ្ពស់ និងចេះ​ពីវិធីទាក់ទាញ​អភិវឌ្ឍ គ្រប់គ្រង លើកទឹកចិត្ត និង​ថែរក្សាបុគ្គលិកឆ្នើម​ឲ្យនៅបម្រើការងារ​បានយូរ កសាង​គុណតម្លៃ និងបង្កើត​សមិទ្ធផល​ខ្ពស់ក្នុងអង្គភាព ជាពិសេសគឺការអភិវឌ្ឍ និងត្រៀមធនធាន​មនុស្ស​ឆ្នើម និងមាន​សក្តានុពល​សម្រាប់តំណែង​ការងារ​បន្ទាប់ ក្នុងទិសដៅ​ធានា​បាននូវប្រសិទ្ធភាព គុណភាព​ការងារ​បុគ្គលិក និង​និរន្តភាព​នៃការរីកចម្រើន​របស់អង្គភាព។
សិក្ខាសាលា​បានលើកឡើង​នូវទ្រឹស្តី និងការអនុវត្តជាក់ស្តែង​នៃ​កម្មវិធី​Talent Management នេះរបស់​ក្រុមហ៊ុនធំៗ​ជាច្រើនក្នុង​ពិភពលោក មានដូចជាក្រុមហ៊ុន​Google ក្រុមហ៊ុន​Facebook ក្រុមហ៊ុន​Nokia ក្រុមហ៊ុន​General Electrics ក្រុមហ៊ុន​Best Buy ក្រុមហ៊ុន​Apple និងស្ថាប័នក្នុងវិស័យអប់រំ និងសុខាភិបាលជាដើម។
វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ​(Educational Development Institute) គឺជា​សាខា​ក្រុមហ៊ុន​របស់​ក្រុមហ៊ុន​មេវេសឡាញ អេឌ្យូខេសិន គ្រុប ហើយមាន​ភាពលេច​ធ្លោ និង​ការទទួលស្គាល់​លើគុណភាព​ផ្តល់សេវាកម្ម​បណ្តុះ​បណ្តាល​បុគ្គលិក​អង្គការ ក្រុមហ៊ុន លើប្រធានបទ​ជាច្រើន​ទាក់ទង​នឹង​ការអភិវឌ្ឍ​សហគ្រិនភាព ជំនាញគ្រប់គ្រង​ពាណិជ្ជកម្ម វគ្គ​បណ្តុះ​បណ្តាល​គ្រូបង្រៀន​ភាសាអង់គ្លេស​(TESOL) វគ្គបណ្តុះបណ្តាល​អាជីព​សារព័ត៌មាន សេវា​ស្រាវជ្រាវ​ទីផ្សារ និងសេវា​សិក្សាស្រាវជ្រាវ​ទិន្នន័យ​សង្គម និង​សេវា​ប្រឹក្សា​យោបល់។ សាធារណជន​អាច​ទំនាក់ទំនង​ទទួល​សេវាកម្មតាម​រយៈ​ទូរស័ព្ទលេខ ០១៥ ៧២៨១២៣ ឬ​អ៊ីម៉ែល info@edi-cambodia.org
អត្ថបទៈ សំអូន


Share This Article:

Comment:

English Kindergarten Program

Khmer Academic Program

Adult English Program