សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ចុះជួយសាលាបឋមសិក្សាចំប៉ា

បន្ទាប់ពីទឹកជំនន់បានស្រក សាលារៀនមួយចំនួនដែលបានទទួលរងការខូចខាតកំពុងតែត្រូវ បានរៀបចំសោភ័ណភាពសាលាឡើងវិញ ជាក់ស្តែងនៅពេលថ្មីៗនេះ បន្ទាប់ពី លោក អោ ប៊ុននាង អ្នកសម្របម្រួលកិច្ចការសង្គមកិច្ច នៃសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍បានសហការជាមួយការិយាល័យរអប់រំខណ្ឌមានជ័យ ដែលមានអ្នកស្រី គង់ កន្និថា ប្រធានការិយាល័យអប់រំយុវជន និងកីឡា ខណ្ឌមានជ័យ ចុះពិនិត្យពីទំហំនៃការខូចខាត របស់សាលាបឋមសិក្សាចំប៉ារួចមក នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១១នេះ ក្រៅពីការជួយឧបត្ថម្ភជាសម្ភារ មានដូចជា ស្ពេត្រូលាបអគារទាំងពីរខ្នងឡើងវិញ ក្តារជួសជុលតុសិស្ស ថ្នាំលាបតុសិស្ស ថ្នាំលាបទ្វារ បង្អួច និងសម្ភារជួសជុលផ្សេងៗទៀត លោក ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិនៃវេសឡាញ អេឌ្យូខេសិន គ្រុប បានដឹកនាំគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សរបស់សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ចុះជួយសាលាបឋមសិក្សាចំប៉ា ដែលមានទីតាំងនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ មានជ័យ។  

នាក្នុងឱកាសនោះផងដែរ មានការចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ហើយជាតំណាងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា និងលោក គួច ចំរើន អភិបាលនៃ គណអភិបាលខណ្ឌមានជ័យ ព្រមទាំងមន្ត្រីក្រោមឱវាទ និងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា សរុបអ្នកចូលរួមទាំងអស់ប្រមាណជិត២០០នាក់។ 

លោក គួច ចំរើន បានមានប្រសាសន៍ថា វាពិតជាសកម្មភាពមួយដ៏ប្រពៃនៅក្នុងការចូលរួម សកម្មភាពជួយដល់សហគមន៍ ដែលបង្ហាញពីទឹកចិត្តឈឺឆ្អាល និងចេះជួយគ្នានៅក្នុងគ្រាមាន អាសន្ន ហើយវាជាការបង្កើតនូវវប្បធម៌ចែករំលែក ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន។ លោកបានអរគុណ និងស្ងើចសរសើរដល់ថ្នាក់ដឹកនាំ និងសិស្សានុសិស្ស របស់សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ដែលជា សាលារៀនឯកជនក៏ពិតមែន តែបានចូលរួមកិច្ចការសង្គមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្រៅពី ការជួយឧបត្ថម្ភជាសម្ភារនៅក្នុងការជួសជុលអាគារ និងតុសិស្សឡើងវិញ ថែមទាំងបានដឹកនាំកម្លាំង មកចុះជួយផ្ទាល់ដល់សាលាបឋមសិក្សាចំប៉ា ដោយមិនបានគិតពីកម្លាំងកាយចិត្ត ថែមទាំងពេល វេលាចុងសប្តាហ៍របស់ខ្លួនទៀតផង។ 

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍បានឧបត្ថម្ភដល់ការជួសជុលទូទៅ ការលាបថ្នាំអគារ ការលាបថ្នាំតុ និងសម្ភារផ្សេងៗ សរុបជាទឹកប្រាក់ប្រមាណ ១៨០០ដុល្លាអាមេរិក ដែលថវិកាទាំងអស់នោះបានមកពីការចូលរួម ពីទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានចំនួន មួយលានរៀល និងក្រៅពីនេះ គឹបានមកពីការចូលរួម ពីថវិកាសាលា ការបរិច្ចាកពីមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ព្រមទាំងសិស្សានុសិស្ស របស់សាលារៀន វ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍។ 

គួរបញ្ជាក់ផងដែរថា នៅពេលបញ្ចប់សកម្មភាពជួសជុល និងលាបថ្នាំរួចរាល់ អ្នកគ្រូ គង់ កន្និថា ប្រធានការិយាល័យអប់រំខណ្ឌមានជ័យ នឹងរៀបចំពិធីប្រគល់សមិទ្ធិផលដែលបានសម្រេចជា ស្ថាពរជូនដល់នាយកសាលាបឋមសិក្សាចំប៉ា ហើយនៅក្នុងឱកាសនោះផងដែរសាលារៀន វ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍នឹងនាំយកអំណោយទៅចែកជូនដល់ក្រុមគ្រួសារ និង សិស្សទីទាល់ក្រ ដែលរងគ្រោះដោយសាទឹកជំនន់មានដូចជាសម្លៀកបំពាក់ សម្ភារសិក្សា និង ថវិកាមួយចំនួនថែមទៀតផង។ 

ចុចត្រង់នេះដើម្បីមើលរូបភាពផ្សេងទៀត


Share This Article:

Comment:

English Kindergarten Program

Khmer Academic Program

Adult English Program